ឧកញ៉ា គីម ហ៊ាង៖ មួយខែដំបូងឆ្នាំ២០២៤ ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា ល្អជាងចុងឆ្នាំ២០២៣

ឧកញ៉ា គីម ហ៊ាង ប្រធាន KW Cambodia និង​ជា​អគ្គនាយកបុរី វិមានសំណាង ​​បាន​សង្កេត​ឃើញ​ថា រយៈពេល​១ខែ​ដំបូង ក្នុង​ឆ្នាំ២០២៤​នេះ ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា ​​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​ បើ​ធៀប​នឹង​​​ចុង​ឆ្នាំ២០២៣ កន្លង​ទៅ ដែល​ជួប​ស្ថានភាព​លំបាក​បំផុត​មិន​ធ្លាប់​ជួប​ប្រទះ។

ក្នុងបទសម្ភាសន៍​មួយ​កាលពី​ពេល​ថ្មីៗ​នេះ ឧកញ៉ា គីម ហ៊ាង ​​បាន​លើកឡើង​ថា វិស័យអចលនទ្រព្យ បានរងផល​ប៉ះពាល់​តាំងពីឆ្នាំ២០២០ ​​បើ​គិត​ទៅ​យើង​រងផលប៉ះពាល់រយៈពេល​៤​ឆ្នាំមក​ហើយ និង​កំពុង​ឈាន​ចូល​​ដល់​ឆ្នាំ​ទី៥។ តាម​ការ​សង្កេត​របស់​លោក​ រយៈពេល​៦​ខែ​ចុង​ក្រោយ​ឆ្នាំ២០២៣ វិស័យ​អចលនទ្រព្យ ​​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ដល់​កម្រិត​មួយ​មិនធ្លាប់​ជួប​ប្រទះ​នា​ពេល​កន្លងមក នេះ​បើ​គិត​លើ​មធ្យមភាគ​នៃ​ការ​លក់​អចលនទ្រព្យ។ ចូលដល់ឆ្នាំថ្មី មនុស្ស​ជា​ច្រើន​រំពឹង​ថា គួរ​​តែ​មាន​ស្ថានភាព​ល្អ​ជាង​មុន នៅ​ឆ្នាំ២០២៤។

លោកឧកញ៉ា បាន​បន្ថែម​​ដូច្នេះ​ថា៖ “ក្នុងមួយខែ​ដំបូង​ឆ្នាំ២០២៤ ខ្ញុំ​មើល​ឃើញ​ថា សកម្មភាព​​អចលនទ្រព្យ​ល្អ​ជាង​ចុង​ឆ្នាំ២០២៣ ខណៈ​ដែល​វិស័យ​ទេសចរណ៍ វិស័យកសិកម្ម និងឧស្សាហកម្ម ក៏​កំពុង​​ល្អ​ប្រសើរ​​ឡើងវិញ”។

ទោះ​យ៉ាងណា លោក​ឧកញ៉ា​យល់​ឃើញ​ថា អ្វី​ដែល​យើង​ខ្វះ​នា​ពេល​បច្ចុប្បន្ន​ គឺ​ខ្វះ​វិនិយោគទុន​ពី​បរទេស។ ដូច្នេះ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ពេល​នេះ គឺ​​យើង​ត្រូវ​មាន​វិធានការ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ទាក់ទាញ​​បរទេស​ឱ្យ​មក​រកស៊ី​នៅ​​​ស្រុក​ខ្មែរ។ នៅ​ពេល​បរទេស​មក​កាន់​តែ​ច្រើន លុយ​តែ​កាន់​តែ​ច្រើន នោះ​ហើយ​ជា​ថ្នាំ​ព្យាបាលជំងឺ​​​ដែល​យើង​ស្ទះ​រយៈពេល ៤​ឆ្នាំ​កន្លង​មក​នេះ។ លោកឧកញ៉ា បន្ត​ថា បច្ចុប្បន្ន​ វិស័យសំណង់ បុរី ខុនដូ ខ្មែរ​យើង​បាន​ធ្វើ​ច្រើន​ហើយ និង​លើស​ពី​តម្រូវការ​របស់​ជនជាតិ​ខ្មែរ​ទៅ​ទៀត។ ដូច្នេះ​អ្វី​ដែល​យើង​ត្រូវ​ការ​​ពេល​នេះ​ គឺ​លុយ​បរទេស​ដែល​មក​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត ទាក់ទង​នឹង​សេដ្ឋកិច្ចជាតិ មិនមែន​ត្រឹម​តែ​អចលនទ្រព្យ​នោះ​ទេ។

យោង​តាម​ការព្យាកររបស់មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(IMF) ក្នុងឆ្នាំ​២០២៤ កម្ពុជា​នឹង​មានកំណើន​សេដ្ឋកិច្ច​ ៦,១​ភាគរយ។ រីឯ​ការព្យាករ​របស់​​រាជរដ្ឋាភិបាលកម្ពុជា​ខ្លួនឯង ​​បានឱ្យដឹងថា ឆ្នាំ២០២៤​នេះ កម្ពុជារំពឹង​ទទួលបា​ន​កំណើ​​​​​ន​​​​សេដ្ឋកិច្ច​រហូតដល់​ ៦,៦ភាគរយ ដោយពឹងលើ​វិស័យ​សំខាន់​ៗចំនួន ៣ រួមមាន​វិស័យ​ឧស្សាហកម្ម វិស័យសេវាកម្ម និង​វិស័យ​កសិកម្ម។

គួរបញ្ជាក់​​ថា បើ​តាម​ធនាគារជាតិនៃកម្ពុជា សេដ្ឋកិច្ចកម្ពុជា​​នៅ​ឆ្នាំ២០២៣ សម្រេច​បាន​ក្នុងកំណើន​​ក្នុង​រង្វង់​ ៥,៥% ជាមួយ​កម្រិតអតិផរណាទាបក្នុងរង្វង់ ២%។ កំណើន​សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងគាំទ្រ​ជា​ចម្បងដោយការនាំចេញទំនិញ និង​ការបន្ត​ងើបឡើង​លឿន​​នៃវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងៗ ​​ក្នុង​នោះ​រួមទាំង​​វិស័យ​អចលនទ្រព្យ​ផងដែរ៕

Join The Discussion

Compare listings

Compare